Room to Read​ បង្ហាញ “គន្លឹះ​រៀន​ឲ្យ​ពូកែ និង​ការ​ត្រៀម​ប្រលង”

ដោយ​សារ​យល់​ឃើញ​ថា សិស្សានុសិស្ស​ ជា​ពិសេស​យុវតី ដែល​ខ្លួន​កំពុង​ជួយ​ជ្រោម​ជ្រែង​ទាំង​សម្ភារៈ ថវិកា និង​ស្មារតី នៅ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​សិក្សា ពោល​គឺ​ពុំ​សូវ​មាន​វិធី​សាស្ត្រ​រៀន​សូត្រ​ ដែល​នាំ​ឲ្យ​ការ​រៀន​សូត្រ​របស់​ខ្លួន​ពុំ​មាន​សន្ទុះ និង​ពេល​ខ្លះ​ធ្វើ​ឲ្យ​អស់​សង្ឃឹម​ក្នុង​ការ​សិក្សា រហូត​ដល់​ពេល​ខ្លះ​សឹង​បោះ​បង់​ការ​សិក្សា​ចោល​ទៀត​ផង​នោះ អង្គការ Room to Read បាន​រៀប​ចំ​បទ​បង្ហាញ​ពិសេស​មួយ​ស្ដី​ពី “គន្លឹះ​រៀន​ឲ្យ​ពូកែ និង​ការ​ត្រៀម​ខ្លួនប្រលង​”។​ បទ​បង្ហាញ​នេះ ប្រព្រឹត្ត​ទៅ​រយៈ​ពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​០១ ដល់​ទី០២ ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់​ចាម។

បណ្ដា​យុវតី​ដែល​បាន​ចូល​រួម​ស្ដាប់​បទ​បង្ហាញ​នេះ បាន​សាទរ​ចំពោះ​ការ​រៀប​ចំ និង​ការ​ចែក​រំលែក​វិធី​សាស្ត្រ​សិក្សា ព្រម​ទាំង​ការ​ត្រៀម​ខ្លួន​ប្រលងទាំង​ឌីប្លូម និង​បាក់​ឌុប។
សួង​ សុកញ្ញា សិស្ស​​ថ្នាក់​ទី​ ១២ នៃ​​វិទ្យាល័យ​​សម្តេច​អគ្គមហាសេនាបតីតេជោ​​ហ៊ុន សែន សួង និយាយ​ថា ​នាង​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​អង្គការ​ Room to Read ​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង​​ដើម្បី​បង្ហាត់​បង្ហាញ​​ ព្រោះ​កន្លង​ទៅគេរៀន​គឺចេះ​​តែ​រៀន​ទៅ​ មិន​បាន​ដឹង​​ច្បាស់​លាស់​​នោះ​ទេ​អំពី”វិធី​សាស្ត្រ”​ ថា​ត្រូវ​រៀន​ដូច​ម្តេច​ទើប​​ឆាប់​ចេះ ឆាប់​ចាំ នឹង​អាច​ទទួល​បាន​លទ្ធ​ផល​ល្អ​នោះ។ “​តែ​ពេល​នេះ​ខ្ញុំដឹង​ច្បាស់​លាស់​ហើយ​ ហើយ​ខ្ញុំនឹង​យក​បទពិសោធន៍​ទាំង​នេះ​ទៅ​អនុវត្ត​ក្នុង​ការ​សិក្សា​…”។
ចំណែក​ប្អូន​ស្រី ហាក់​ សុខៃ សិស្ស​​​ថ្នាក់ទី​៩ រស់​នៅ​ភូមិ​ជើង​ព្រៃ ឃុំ​ជើង​ព្រៃ ស្រុក​បាធាយ ខេត្ត​​កំពង់ចាម សម្ដែង​អារម្មណ៍​ស្រដៀង​នឹង​កញ្ញា​ថា ប្អូន​មាន​សេច​ក្តី​រីក​រាយ​ និងពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ ថ្វី​ត្បិត​​វាកៀក​នឹង​ថ្ងៃ​ប្រលង​ មិន​បាន​ធ្វើ​នៅ​ដើម​ឆ្នាំ​​ក៍​ដោយ​ចុះ។ សុខៃ រំពឹង​យ៉ាង​មុត​មាំ​​ថា ​នៅ​ពេល​ខ្លួន​ប្រលង​ជាប់ឌីប្លូម​នេះ នាង​នឹង​យក​​គន្លឹះដ៍​សំខាន់ៗ​ទាំង​នេះទៅ​អនុវត្តនៅ​ក្នុងការ​សិក្សា​របស់​ ខ្លួន​ ក្នុង​ន័យ​ត្រៀម​ប្រលង​បាក់​ឌុប​ឲ្យ​ជោគ​ជ័យ​និង​ទទួល​បាន​អារូបករណ៍។
ទន្ទឹម​នឹង​នេះ​ប្អូន​ស្រី​បាន​ថ្លែង​អំណរ​គុណ​ដល់​ អង្គការ Room to Read ដែល​បាន​ផ្តល់​អាហាររូបករណ៍​ដល់​រូប​ប្អូន​តាំង​ពីថ្នាក់​ទី​៧ រហូត​ដល់​ថ្នាក់​ទី​១២ ​និងបាន​ផ្តល់​ឱកាស​ឲ្យ​ប្អូន​បាន​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ ជា​ពិសេស​គឺ​វគ្គ “គន្លឹះ​រៀន​ឲ្យ​ពូកែ និង​​ការ​ត្រៀម​​ខ្លួនប្រលង”នេះ។ សុខៃ លើក​ឡើង​ទៀត​ថា “…​​ប្រ​សិន​បើ​អង្គការ​នៅ​មាន​បើក​វគ្គ​នេះ​ទៀត​ សុំ​ឲ្យ​អង្គការជួយ​បើក​​ដើម​ឆ្នាំ​សិក្សា ព្រោះ​ពេល​នេះ​​ កៀក​នឹង​ការ​ប្រ​លង​ពេក​ហើយ”។
“ខ្ញុំ​ចេះ​តែ​រៀន​ៗ​ទៅ តាម​ការ​នឹក​ឃើញ…ពេល​ខ្លះ​ធុញ​ទ្រាន់ រៀន​មិន​សូវ​​ចេះ!”។ ប្អូនស្រី អោម ណារ៉េន សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេជោ​ ហ៊ុន សែន បាធាយ ​បាន​បញ្ជាក់​យ៉ាង​នេះ។ ណា​រ៉េន បន្ត​ថា តែ​ពេល​នេះ​គេនឹង​​យក​​បទ​ពិសោធន៍​ទាំ​ង​នេះទៅ​​ប្រតិបត្តិ​ដើម្បី​​ទទួល​ បាន​លទ្ធផល​ល្អ​​ជាង​សព្វ​ថ្ងៃ​​នេះ។​ ណា​រ៉េន ក៏​ចាត់​ទុក​បទ​បង្ហាញ​នេះ​ថា [ធ្វើ​ឲ្យ​អារម្មណ៍​មាន​ទំនុក​ចិត្ត មិន​សូវ​បារម្ភ​ខ្លាំង​ដូច​ពេល​មុន​ឡើញ ព្រោះ​គេ​បាន​ទទួល​វិធី​សាស្រ្ត​ត្រៀម​លក្ខណៈ​ក្នុង​ការ​ប្រលង​បាន​ជាក់​ លាក់] ​​បន្ទាប់​ពី​ទទួល​បាន​បទ​ពិសោធន៍​ពី​វគ្គ​បណ្តុះ​បណ្តាល​នេះ។
ក្នុង​បទ​បង្ហាញ​ស្ដី​ពី​”គន្លឹះ​រៀន​ឲ្យ​ពូកែ និង​ការ​ត្រៀម​ប្រលង” កាល​ថ្ងៃ​ទី​១ដល់​​ទី​២ ខែ​កក្កដា ចុង​សប្ដាហ៍​នេះ មន្រ្តី​​អង្គការ​ស៣ ដែល​ជា​អ្នក​ធ្វើ​បទ​បង្ហាញ លើក​ឡើង​អំពី វិធី​សាស្ត្រ​ជំរុញ​ការ​សិក្សា វិធី​សាស្ត្រ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​មូល​ក្នុង​ពេល​រៀន សិល្បៈ​រៀន​ក្នុង​ថ្នាក់ ការ​បែង​ចែក​ពេល​វេលា​សិក្សា សិល្បៈ​រៀន​មុខ​វិជ្ជា​អំណាន សិល្បៈ​រៀន​មុខ​វិជ្ជា​លំហាត់ និង​វិធី​សាស្ត្រ​ក្នុង​ពេល​ប្រលង​ រួម​ទាំង​គន្លឹះ​ពិសេស​ៗ​ដទៃ​ទៀត។
ក្នុង​បទ​បង្ហាញ​នេះ សិស្ស​ស្រី​ដែល​ទទួល​អាហា​រូបករណ៍​​​របស់​អង្គការ​រួមធូរីដ ទាំង​ថ្នាក់​ទី​​៩ និងទី​១២ ​ចំនួនប្រមាណ​​៣៥០​នាក់។ ​​វគ្គ​បណ្តុះ​បណ្តាល​នេះ​បាន​ធ្វើ​ឡើង​​ក្នុង​ឃុំ​ផ្អាវ និងស្រុកបាធាយ ខេត្ត​​កំពង់ចាម ក្នុង​គោល​បំណង​ផ្តល់​​ជា​​គន្លឹះ​ក្នុង​ការ​សិក្សារៀន​សូត្រ ព្រម​ទាំង​ផ្តល់​ជា​បទ​ពិសោធន៍​ និង​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រ​ឡង​​​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​បឋមភូមិនៅ​ ថ្ងៃនេះ និង​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ទី​២៥​​ខាងមុខ​​​នេះ។
តាម​ការ​ឲ្យ​ដឹង​ពីកញ្ញា ឈួន ចន្នី ​ជំនួយ​ការ​កម្ម​វិធី​អប់​រំ​ក្មេង​ស្រី​ប្រ​ចាំអង្គការ Room to Read ខេត្ត​កំពង់ចាម ​​បញ្ជាក់​ថា​ អង្គការ Room to Read ជាអង្គការមួយដែល​មាន​គោល​បំណង​​ពង្រឹង​បំណឹន​​អាន និង​សរសេរ​របស់​កុមារ និងសមភាពយេនឌ័រ​នៅ​ក្នុង​វិស័យ​អប់រំ។ ក្នុង​នោះ​ការ​ផ្តល់​​អាហារ​រូបករណ៍​​ដល់​កុមារី​ ជា​កម្ម​វិធី​មួយ​ដែល​ទ្រទ្រង់ដល់​សម​ភាពយេនឌ័រ​នៅ​ក្នុង​វិស័យ​អប់រំ​ដោល​ ផ្តល់​ជា​អាហាររូបករណ៍​រយៈ​ពេល​វែង​ដល់​កុមារី​ក្រីក្រដើម្បី​​ឲ្យ​ពួក​គេ​ មាន​លទ្ធភាព​បន្ត​ការសិក្សា​រហូត​ចប់​ថ្នាក់ទី​១២។
សមិទ្ធផល​ដែល​អង្គការ​សំរេច​បាន​​រហូត​មក​ដល់​ចុះ​ឆ្នាំ​២០១០នេះ​រួម​ មាន ផ្នែក​អាហាររូបករណ៍​ អង្គការ​បាន​ឧបត្ថមកុមារី​បាន​ចំនួន​២៤១៦​​នាក់។ ជាលទ្ធផល​សិស្ស​​ថ្នាក់ទី​៩​ចំនួន​៩៩% បាន​ប្រលង​ជាប់​ និង​​​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ។ ចំពោះ​​សិស្ស​ថ្នាក់ទី​១២​ ចំនួន 88.83% ក្នុង​ខេត្ត​កំពង់​ចាម​បាន​ប្រលង​ជាប់ និង​មួយចំនួន​ទៀត​បាន​បន្តការសិក្សា​នៅ​សាកល​វិទ្យាល័យ។
អង្គការ Room to Read បាន​បង្កើត​ឡើង​​តាំង​ពី​ឆ្នាំ ២០០៣ មក​ដល់​ពេល​នេះ​ អង្គការ​​កំពង់​ប្រតិបត្តិ​លើ​ខេត្ត​ចំនួន​ពីរ​គឺ ខេត្ត​កំពង់​ចាម និង​ខេត្ត សៀមរាប​​ ហើយ​នៅថ្ងៃ​អនាគត អង្គការ Room to Read មាន​គោល​បំណង​យ៉ាង​ធំធេង​ក្នុង​ការពង្រីកតំបន់​ប្រតិបត្តិ​ការណ៍​របស់​ខ្លួន ​នៅ​ទូទៅ​ប្រទេស​ដោយ​គ្មាន​ដែន​កំណត់​នោះ​ទេ ជាក់​ស្តែង​​​​នៅ​ខែតុលា ឆ្នាំ២០១១ នេះ​អង្គការ​​នឹង​​ពង្រីក​​តំបន់​ប្រតិបត្តិ​របស់​ខ្លួន​លើ​ខេត្ត​​កំពង់ធំ​ មួយ​ទៀត៕
អត្ថបទ៖ សេង ណារិទ្ធ
sabay.com.kh

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: