កម្មករ​ជិត​១៥០នាក់​សន្លប់​ដោយសារ​​ពុល​ថ្នាំ​​

អគ្គ​លេខាធិការ​សម្ព័ន្ធ​សហជីព​​​ការពារ​សិទ្ធិ​កម្មករ​​ ​លោក ហ្វា សាលី​បាន​អះអាង​ប្រាប់​ Sabay ថា​ ​​នៅ​​ម៉ោង​ប្រាំ​បួន​ព្រឹក​មិញ​នេះ​ ​នៅ​រោង​ចក្រ​ ​ហុង វ៉ា ​ដែល​ស្ថិត​នៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ដង្កោ​ មាន​កម្មករ​ កម្មការិនី​ប្រមាណ​ជិត​​ ១៥០​ នាក់​បាន​ដួល​សន្លប់​។

លោក​ ហ្វា សាលី​​​​ ​បាន​​ឲ្យ​ដឹង​​​​ទៀត​ថា​ ​​កម្មករ​ កម្មការិនី​ដែល​​​ទទួល​រង​​ការ​សន្លប់​នេះ​​​ ដោយ​សារ​តែ​ពុល​ថ្នាំ​បាញ់​ក្រណាត់​ ដែល​​ខាង​រោង​ចក្រ​បាន​បាញ់​កាល​​ពី​​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​។ ​លោក​បន្ថែម​ថា​ “​មក​ដល់​ពេល​នេះ​ ​កម្មករ​ ក​ម្មការិនី​​ទាំង​នោះ​ កំពុង​តែ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រុស្សី​ ពេទ្យ​បង្អែក​ឯករាជ្យ​ និង​​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ទៀត”។

លោក​បញ្ជាក់​ថា​ នេះ​ជា​ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ ពី​ព្រោះ​ថា​​​​កម្មករ​ និង​កម្មការិនី​ទាំង​នោះ​ បាន​សន្លប់​ដោយ​មិន​ដឹង​ខ្លួន។ លោក​បញ្ជាក់​ “ឧបទ្ទវហេតុ​នេះ​ ​តំណាង​រោង​ចក្រ​គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​ជោគវាសនា​របស់​ពួក​គាត់”។

មិត​ រ៉ាឌី​ ​​ដែល​អះអាង​ថា​ ជា​​កម្មការិនី​​ម្នាក់​​​បម្រើ​ការ​ងារ​ក្នុង​រោង​ចក្រ​​ហុង​ វ៉ា​​ ដែល​​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​ Sabay ឲ្យ​ដឹង​ថា​ ​​អ្នក​ខ្លះ​កំពុង​​តែ​អង្គុយ​ដេរ​ ​បាន​ដួល​សន្លប់​​បន្ត​បន្ទាប់​គ្នា​ ដោយ​សារ​​ពុល​ថ្នាំ​បាញ់​សម្លាប់​សត្វ​ល្អិត​ក្នុង​រោង​ចក្រ។ រ៉ាឌី​ បន្ថែម​ថា​ មក​ដល់​ពេល​នេះ​ កម្មករ​និង​កម្មការិនី​ដែល​ដួល​សន្លប់​​ ខាង​​រោង​ចក្រ​កំពុង​ចាត់​វិធានការ​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។ ​ខាង​រោង​ចក្រ​​​កំពុង​សម្រួល​​ដល់​កម្មករ​​​​​ ដើម្បី​កុំ​ឲ្យ​ចលាចល​ ​​​ប៉ះពាល់​ដល់​​អ្នក​ផ្សេង​ទៀត។

លោក​ អ៊ំ មាន​ រដ្ឋ​លេខា​ធិការ​​​ក្រសួង​ការងារ​ បាន​ថ្លែង​ប្រាប់​ Sabay ថា ​លោក​ពុំ​ទាន់​ទទួល​​បាន​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ​ក្រសួង​​នឹង​​ចាត់​វិធានការ​បន្ទាន់​ ​ដើម្បី​ជួយ​សង្គ្រោះ​​ និង​ត្រួត​ពិនិត្យ​សុខភាព​ពួក​គាត់។

លោក​ ​បន្ថែម​ថា​ “​ខ្ញុំ​មាន​ការ​សោក​ស្ដាយ​​ចំពោះ​ការ​ពុល​ថ្នាំ​នេះ​…​ រោង​ចក្រ​មិន​គួរ​បណ្ដោយ​ឲ្យ​​កើត​មាន​​រឿង​​បែប​នេះ​ ពី​ព្រោះ​ក្រសួង​ បាន​ណែ​នាំ​ពី​​គោលការណ៍​​គ្រប់​គ្រង​សុវត្ថិភាព​ដល់​កម្មករ​ និង​កម្មការិនី​រួច​អស់​ហើយ”។

លោក​ជា​ មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ បាន​​​អះអាង​ប្រាប់​​ Sabay ថា​ ស្ថានភាព​​វាយនភណ្ឌ​​នៅ​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០១១​នេះ បាន​កើន​ឡើង​ប៉ុន្តែ​ សុខុមាលភាព​កម្មករ​ បាន​ធ្លាក់​ចុះ​ ដោយ​សារ​ កន្លង​មក​មាន​រោង​ចក្រ​បួន​ ដែល​មាន​កម្មករ​​បាន​ដួល​​សន្លប់​ជា​បន្ត​បន្ទាប់​ ដោយ​សារ​ ​ខ្វះ​ផាសុកភាព​ នៅ​ទីកន្លែង​ធ្វើ​ការ។

ប្រធាន​សហជីព​រូប​នេះ​ បាន​អះអាង​ទៀត​ថា​ ករណី​បែប​នេះ​ លោក​ធ្លាប់​សរសេរ​លិខិត​ដាក់​ជូន​ទៅ​​ក្រសួង​បរិស្ថាន​​​ដើម្បី​​ឲ្យ​ក្រសួង ​ចាត់​វិធានការ​តាម​បទដ្ឋាន​រួច​មក​ហើយ​​។ ក៏​ប៉ុន្តែ​ ​សំណើរ​​នោះ​​ហាក់​បី​ដូច​ជា​​គ្មាន​ប្រសិទ្ធភាព​​ទេ។

ទោះ​ជា​យ៉ាង​​ណា​ ​ក្រុម​កម្មករ​​ក្នុង​រៀង​ចក្រ​នេះ​ បាន​សំណូមពរ​ ឲ្យ​តំណាង​រោងចក្រ​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ ​ជា​ពិសេស​ក្រសួង​ការ​ងារ​​ ​ជួយ​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ ដើម្បី​សង្គ្រោះ​អាយុ​ជីវិត​​អ្នក​រង​គ្រោះ៕

អត្ថបទ៖ យ៉ន សុភារិទ្ធ និង ហៃ ស៊ីណា
Sabay.com.kh

អរគុណចំពោះការគាំទ្រ ក្រុមយើងខ្ញុំនឹងព្យាយាមធ្វើកិច្ចការនេះតទៅទៀត។

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: