Posts Tagged ‘ស្រាបៀរអង្គរ’

កូដករ៤នាក់រងរបួសពេលធ្វើកូដកម្ម

ក្នុងចំណោមនារីផ្សព្វផ្សាយស្រាបៀរអង្គរចំនួនជាង៣០នាក់ មាន៤នាក់រងរបួសដោយសារការបើកឡានប៉ះរបស់បុគ្គលិកក្រុមហ៊ុនមួយនេះ បើកចេញពីក្រុមហ៊ុនទំលុះហ្វូងកូដករ។ គេនៅពុំទាន់ដឹងច្បាស់ការនៅឡើយទេថា ការរបួសនេះបណ្ដាលមកពីកំហុសចេតនាឬអចេតនាឡើយ។ ករណីនេះ បាន​កើតឡើងនៅព្រឹកថ្ងៃចន្ទ ជាគ្រាដែរពួកគេទាមទារលក្ខខណ្ឌការងារ ជាពិសេសទាមទារប្រាក់ថ្លៃធ្វើការថ្ងៃអាទិត្យដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលសម្រេចឲ្យពួកគេចំនួន៤ដុល្លារ។ រហូតមកដល់ពេលនេះគេនៅពុំទាន់ទទួលព័ត៌មានអំពីការដោះស្រាយនៅឡើយទេ៕

នារី​​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរធ្វើកូដកម្ម​​​​​​​​​​

“សូម​ជួយ​រក​យុត្តិធម៌​ផង​​” ពាក្យ​នេះ​ត្រូវ​បាន​បន្លឺ​ពី​ក្រុម​ស្រ្តី​ ផ្សព្វផ្សាយ​ស្រា​បៀរ​អង្គរ​ ខណៈ​ដែល​រថយន្ត​របស់​ក្រុម​ហ៊ុន​ស្រាប៊ៀរ​អង្គរ​បើក​សម្រុក​ចេញ​ពី​ក្រុម​ ហ៊ុន​ ដែល​បណ្ដាល​ឲ្យ​កៀរ​ស្រ្តី​ផ្សព្វផ្សាយ​ស្រាប៊ៀរ​មួយ​ចំនួន​រង​របួស​ស្រាល​​ នៅ​ទីតាំង​​ក្រុមហ៊ុន​​ទល់​មុខ​បុរីចំការ​មន​ ឋិត​នៅ​ក្នុង​ខណ្ឌ​ចំការមន​។

អ្នក​ស្រី​ង៉ែត​មុំ ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ ​​ដែល​ត្រូវ​រថយន្ត​អង្គរ​កៀរ​បាន​និយាយ​ថា “ខ្ញុំ​មិន​យល់​ពី​ទង្វើ​របស់​ក្រុមហ៊ុន​ទាល់​​តែ​សោះ​ ខ្ញុំ​គ្រាន់​តែ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ ប៉ុន្ដែ​ភាគី​ក្រុម​ហ៊ុន​ហាក់​ដូច​ជា​ប្រើ​អំពើហិង្សា​មក​លើ​ក្រុម​កូដករ​ ជាស្រ្តី​”។ អ្នកស្រី​មុំ​ បាន​ចាត់​ទុកទង្វើ​នេះ​ថា ជា​អំពើ​ប៉ុនប៉ង​មនុស្ស​ឃាត​ និង​​ជា​អំពើ​ឃោឃៅ​មក​លើ​ក្រុម​អ្នក​តវ៉ា​។

អ្នក​ស្រី​អ៊ូ ទេព​ផល្លីន អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​ និង​សេវា​កម្ម​កម្ពុជា​ បាន​និយាយ​ថា ទង្វើ​របស់​ក្រុម​ហ៊ុន​នេះ ជា​អំពើ​ខុស​ច្បាប់​ ហើយ​​អ្នក​ស្រី​​គ្រោង​នឹង​សរសេរ​ពាក្យ​បណ្ដឹង​ពី​បទ​ចេតនា​បង្ករ​របួស​ ស្នាម​ នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​។អ្នក​ស្រី​ធី ដែល​ធ្វើ​​ការ​នៅ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​អស់​រយៈពេល​៨ឆ្នាំ​មកហើយ​នោះ​ ​បាន​និយាយ​ថា ការ​ធ្វើ​កូដ​កម្ម​នេះ​ គឺ​​ដើម្បី​ទាមទារ​ឲ្យ​ថៅ​កែ​គោរព​តាម​សេចក្ដី​បង្គាប់​របស់​ក្រុម​ប្រឹក្សា ​អាជ្ញាកណ្ដាល​ចំនួន​២ចំណុច​ទី១​ បង្គាប់​ឲ្យ​និយោជក​សង​ប្រាក់​ឈ្នួល​ចំនួន​២​ដុល្លារ​អាមេរិក​បន្ថែម​ ចាប់​តាំង​ថ្ងៃ​ទី​១៣ ខែវិច្ឆកា ឆ្នាំ​២០០៧​ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ២០១០​ សម្រាប់​កម្មករ​និយោជិត​ទាំង​៣៤​នាក់​ ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​សប្ដាហ៍​។ ទី២ បង្គាប់​ឲ្យ​និយោជក​ប្ដូរ​កិច្ច​សន្យា​ការងារ​កម្មករ​និយោជិត​ទាំង​៣៤​នាក់ ​ដែល​មាន​ថិរវេលា​សរុប​នៃ​កិច្ច​សន្យាការងារ​លើស​ពី​២ឆ្នាំ​ទៅ​ ជា​កិច្ច​សន្យា​ ដែល​មាន​ថិរវេលា​មិន​កំណត់។

ចំណែក​កញ្ញា​ពៅ បាន​និយាយ​ដែរ​ថា សព្វថ្ងៃ​នេះ​ ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ ក្រៅ​ពី​ទទួល​បាន​ប្រាក់​ខែ​ទាប​ គឺ​ត្រូវ​ភ្ញៀវ​ធ្វើ​បាប​តាម​រយៈ​ការ​មើល​​ងាយ​មើល​ថោក​ ស្ទើរ​​រៀងរាល់​ថ្ងៃ​។ កញ្ញា​បាន​និយាយ​ថា “​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ណាស់​ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ច្បាប់​ក៏ដោយ​ ក៏ភ្ញៀវ​ទាំង​នោះ​ តែងតែ​មើល​ងាយ​ ដូចជា​ បៀត​បៀន​កេរិ៍្ត​ខ្មាស់​ ការ​ប្រើ​ពាក្យសម្ដី​អសុរោះ ជាដើម​”។

យ៉ាង​ណា​ក៏​ដោយ ការ​ទាមទារ​របស់​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ ដែល​ពួកគេ​ បាន​ប្រើ​ បដា​និង​ឃោសន​សព្ទ​ ដើម្បី​អំពាវនាវ​ឲ្យ​ថៅ​កែ​ក្រុម​ហ៊ុន​ស្រាប៊ៀរ​អង្គរ ​ចេញ​មក​ដោះស្រាយ​ជាមួយ​កម្មករ​ ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ថា​ មិន​មាន​តំណាង​របស់​ក្រុម​ហ៊ុន​ណា​ម្នាក់​ចេញ​មុខ​ដោះស្រាយ​នោះទេ​​ ក្រៅ​ពី​សន្តិសុខ បាន​ប្រាប់​ឲ្យ​បុគ្គលិក​ផ្សព្វផ្សាយ​ស្រាបៀរ​ជាស្រ្តី​​ចេញ​ពី​មុខ​ ក្រុមហ៊ុន ជាផ្នែក​មួយ​បើក​ផ្លូវ​ឲ្យ​រថយន្ដ​ចេញ​ ដើម្បី​យក​ស្រាបៀរ​ដាក់​ឲ្យ​អតិថិជន​​។ សប្បាយ​ព្យាយាម​ទាក់​ទង​តំណាង​ក្រុមហ៊ុន​ដែរ​ ប៉ុន្ដែ​មិន​អាច​ទាក់ទង​បាន​នោះ​ទេ​ កាល​ពីព្រឹកមិញ​នេះ។

ការ​​បើក​កៀរ​ ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀរ​នេះ ធ្វើ​នៅ​គ្រា​ដែល​ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀរ​កំពុង​ប៉ុនប៉ង​រាំង​ខ្ទប់​ រថយន្ដ​ មិន​ឲ្យ​ចេញ​ពី​ក្រុម​ហ៊ុន​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១១​នេះខណៈ​ ដែល​ស្រ្តី​ទាំង​នោះ​​​បាន​ធ្វើ​ការ​ទាមទារ​ ឲ្យ​តំណាង​ឬ​និយោជក​ចេញ​មុខ​ដោះស្រាយ​ការ​ចំពោះ​ការ​ទាមទារ​ឲ្យ​ថៅ​កែ​ផ្ដល់ ប្រាក់​សំណង​ថ្ងៃ​ចុង​សប្ដាហ៍​៕

អត្ថបទ៖ វិបុត្រ

តាមដាន

Get every new post delivered to your Inbox.